រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានក្រើនរំឭកឲ្យមន្រ្តីពាក់ព័ន្ធនិងគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនទាំងអស់ ឲ្យទប់ស្កាត់ការធ្វើសកម្មភាពនយោបាយឬឃោសនានយោបាយនៅតាមគ្រឹះស្ថានអប់រំ។ក្នុងលិខិតចុះថ្ងៃទី២៩ ខែមិថុនា រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានណែនាំជាថ្មីឲ្យមន្រ្តីក្រោមឱវាទទាំងអស់អនុវត្តនូវប្រកាសចុះថ្ងៃទី១១ខែសីហា ឆ្នាំ២០១៥ ស្តីពីការទប់ស្កាត់ការធ្វើសកម្មភាពនយោបាយឬឃោសនានៅក្នុងស្ថាប័នអប់រំ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។ លោកបញ្ជាក់បន្ថែមថាការណែនាំជាថ្មីនេះគឺដើម្បី”ឆ្លើយតបនឹងស្ថានភាពនាពេលបច្ចុប្បន្ននិងពេលខាងមុខនិងការផ្សព្វផ្សាយនូវកម្មវិធីនយោបាយនិងពង្រឹងភាពឈ្នះរៀងៗខ្លួន តាមរយៈការរៀបចំវេទិកា ការចែកចាយសំភារៈ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត ដែលបម្រើឲ្យសកម្មភាពនយោបាយឬឃោសនានយោបាយ ដោយការជ្រៀតចូលទៅក្នុងគ្រឹះស្ថានសិក្សាឬអង្គភាពនានាដែលផ្ទុយទៅនឹងច្បាប់ស្តីពីការអប់រំនិងច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល…”។ លិខិតរបស់រដ្ឋមន្រ្តីក្រសួងអប់រំមិនបានបញ្ជាក់ថាតើអ្វីទៅជាសកម្មភាពនយោបាយនោះទេ។លិខិតរបស់ក្រសួងអប់រំធ្វើឡើងបន្ទាប់ពីកាសែតCambodia Daily កាលពីថ្ងៃទី២៨ ខែមិថុនា បានចុះផ្សាយអត្ថបទមួយដែលនិយាយពីការចែកចាយអាវគាំទ្រគណបក្សប្រជាជនកម្ពុជាដល់សិស្សនៅវិទ្យាល័យខេត្តពោធិ៍សាត់ មុនពិធីអបអរសាទរខួប៦៥ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា។ប្រភពVOD
http://vodhotnews.com/2016/06/minister-reminds-action-against-political-campaign-at-school