សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងទាស់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ករណីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់រូបលោកថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលខ្លួនទៅតុលាការ។មេធាវីរបស់លោក កឹម សុខា បានចូលទៅតុលាការកាលពីព្រឹកថ្ងៃចន្ទជំនួស លោក កឹម សុខា ដែលត្រូវបានព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា កោះហៅចូលមកសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះពី”បទបដិសេធក្នុងការចូលខ្លួន”។ក្រោយពីសវនាការជិត៣ម៉ោង មេធាវីលោក កឹម សុខា គឺលោក ហែម សុជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាសាលាឧទ្ធរណ៍សម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងករណីលោក កឹម សុខា។ លោកមានប្រសាសន៍ថា៖ “អយ្យការរបស់ចៅកក្រមស៊ើបសួរសាលាដំបូងភ្នំពេញហ្នឹង ឥលូវហ្នឹងសភាស៊ើបសួរសាលាឧទ្ធរណ៍គេបានបដិសេធសំណើរបស់មេធាវី ហើយគេបន្តឲ្យបញ្ជូនរឿងនេះត្រលប់ទៅវិញសាលាដំបូងក្រុងឲ្យស៊ើបសួរបន្តទៀត”។លោកបន្តថាមេធាវីនឹងពិចារណាបណ្តឹងសាទុក្ខទៅតុលាការកំពូល។ លោកបន្តថាមេធាវីបានលើកឡើងពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៨០ តែលោកថាសាលាឧទ្ធរណ៍បានច្រានចោល។ប្រភពVOD
http://vodhotnews.com/2016/07/appeal-court-upheld-decision-on-sokha