ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងដាក់លិខិតទៅរដ្ឋាភិបាលនៅសប្ដាហ៍ក្រោយឲ្យឆ្លើយបំភ្លឺរឿងការងារបោះឆ្នោត ខណៈគណបក្សនេះចង់ឃើញពលរដ្ឋចំណាកស្រុកអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាននៅព្រំដែន។ ចំណែកមន្ត្រីរដ្ឋាភិបាលមិនទាន់ឆ្លើយតបនៅឡើយទេ ដោយរង់ចាំពិនិត្យមើលលិខិតជាផ្លូវការសិន។គោលបំណងនៃលិខិតរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដោយគណបក្សនេះលើកឡើងថា រដ្ឋាភិបាល និង គ.ជ.ប មានកាតព្វកិច្ចធានាសិទ្ធិពលរដ្ឋអាចបោះឆ្នោតបានដោយងាយស្រួល។ ជាងនេះទៅទៀត គណបក្សនេះចង់ឃើញរដ្ឋាភិបាល និងស្ថាប័នបោះឆ្នោត ជួយសម្រួលឲ្យពលរដ្ឋចំណាកស្រុក ជាពិសេសពលករខ្មែរនៅប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោតនៅព្រំដែនបានមិនចាំបាច់មកស្រុកកំណើត។ តែទោះយ៉ាងណាក្តី សំណើនេះត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យ គ.ជ.ប បដិសេធ។ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២ ខែកក្កដា ថា លិខិតនេះ ក្រៅពីចង់ដឹងពីកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលរឿងការងារបោះឆ្នោត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ចង់ដឹងពីទុក្ខលំបាករបស់រដ្ឋាភិបាលដែលមិនអាចឲ្យពលរដ្ឋក្រៅប្រទេសបោះឆ្នោតបាន។ប្រភពRFA
http://www.rfa.org/khmer/news/politics/cnrp-to-ask-govt-about-election-works-07022016083026.html