បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងអាណត្តិមុនៗ មិនត្រូវបានយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត នាអាណត្តិក្រោយឡើយ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ គជប នឹងរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតែម្តង។ នេះជាការឆ្លើយតបរបស់គជប ទៅកាន់ គណបក្សអំណាចខ្មែរ ដែលស្នើឲ្យគជប លុបឈ្មោះជនជាតិវៀតណាម ចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០១៣។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប បានអះអាងថា ចាប់តាំងពីចូលកាន់តំណែង សមាជិកគជបទាំងអស់ បានខិតខំបំពេញការងារ ដើម្បីរៀបចំការបោះឆ្នោតនៅអាណត្តិក្រោយ ឲ្យប្រព្រឹត្តទៅដោយរលូន ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងគណបក្សនយោបាយទាំងអស់ អាចទទួលយកលទ្ធផលដោយពេញចិត្ត។ លោកបន្ថែមថា បញ្ជីឈ្មោះអ្នកបោះឆ្នោត គឺជាបញ្ហាដ៏សំខាន់មួយ ដែលគជប ត្រូវតែរៀបចំឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ៗបែបនេះថា៖«យើងមិនប្រើបញ្ជីចាស់ទេ។ បញ្ជីឈ្មោះអ្នកបោះឆ្នោត គឺយើងធ្វើថ្មីតែម្តង»។ ថ្មីត្បិតលោក ហង្ស ពុទ្ធា មិនសន្យាថា គជប នឹងហាមឃាត់ជនជាតិវៀតណាមខុសច្បាប់ មិនឲ្យចុះឈ្មោះបោះឆ្នោតក៏ពិតមែន តែលោក ហ៊ានអះអាងថា គជប នឹងបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយ ដែលស្អាតស្អំ សម្រាប់អាណត្តិទី៦។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41805&lg=kh&