បើទោះបីជារដ្ឋសភាឈប់សម្រាកក៏ដោយ តែគណៈកម្មាធិការអចិន្ត្រៃយ៍ នៅតែសិក្សានិងពិនិត្យលើការព្យួរអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ២រូប គឺ លោក ពិន រតនា និងលោក តុ វ៉ាន់ចាន់។ សំណុំរឿងរបស់តំណាងរាស្ត្រទាំង២រូបនេះ ជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនិងជាអគ្គលេខាធិការរដ្ឋសភា មិនអាចវាយតម្លៃទុកមុនថា គណៈកម្មាការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងសម្រេចដកអភ័យឯកសិទ្ធរបស់តំណាងរាស្ត្របក្សប្រឆាំងទាំង២រូប ឬយ៉ាងណានោះទេ។ ប៉ុន្តែ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានសិទ្ធិសម្រេចនូវរាល់កិច្ចការនានា ក្នុងអំឡុងពេលដែលតំណាងរាស្ត្រទាំងអស់ ឈប់សម្រាក។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់រដ្ឋសភារូបនេះ បានសង្កត់ធ្ងន់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មិនអាចធ្វើអ្វីឲ្យហួសពីព្រំដែននៃច្បាប់និងរដ្ឋធម្មនុញ្ញឡើយ។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41822&lg=kh&