លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចបើកយុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការពង្រឹងសន្តិសុខឡើងវិញ ដោយលោកចាត់ទុកការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ជាករណី”ឃោរឃៅព្រៃផ្សៃ”មួយ។លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហ៊ុន សែន បានចេញបញ្ជាឲ្យចាត់វិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងលើឃាតកម្ម ការប្លន់ប្រដាប់អាវុធ បញ្ហាគ្រឿងញៀននិងការគ្រប់គ្រងអាវុធជាតិផ្ទុះជាដើម។ លោកបន្តថាមិនមានបញ្ហាអសន្តិសុខនៅតាមព្រំដែននោះទេ តែលោកថាសន្តិសុខផ្ទៃក្នុងនៅមានបញ្ហា។លោកនាយករដ្ឋមន្រ្តីក៏បានលើកជាឧទាហរណ៍នៃឃាតកម្មចុងក្រោយមួយចំនួន មានការបាញ់សម្លាប់ទាហានម្នាក់នៅរាជធានីភ្នំពេញនិងមន្រ្តីរដ្ឋបាលព្រៃឈើជាដើម។ លោកបញ្ជាក់ថា៖ “ដូច្នេះទាមទារនូវការបើកយុទ្ធនាការទ្រង់ទ្រង់ធំមួយ ដើម្បីពង្រឹងនូវសន្តិសុខយើងឡើងវិញ”។ប្រភពVOD
http://vodhotnews.com/2016/07/pm-orders-more-work-on-security-as-kem-ley-assassinated