អង្គការនិងសមាគមដែលភាគច្រើនជាសកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស អំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី។អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី អាយុ៤៦ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅចំដើមទ្រូងនិងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្សនៅកណ្តាលរាជធានីភ្នំពេញកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងមួយថ្ងៃបន្ទាប់ពីឃាតកម្មនេះ អង្គការនិងសមាគមចំនួន៧០ស្ថាប័នបានលើកឡើងថាស្ថានការណ៍នយោបាយកាន់តែមានភាពតានតឹងឡើងនៅក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ថា “នេះជាការចាំបាច់ដែលការស៊ើបអង្កេតជុំវិញករណីឃាតកម្មលើលោក កែម ឡី ត្រូវតែត្រូវបានធ្វើឡើងដោយមានតម្លាភាព ដើម្បីឲ្យមានការជឿទុកចិត្តនិងជៀសវាងការយល់ច្រឡំនានាដែលអាចនឹងមានផលប៉ះពាល់ដល់ឱកាសនៃការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ នាពេលខាងមុខ”។ឃាតកម្មនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក កែម ឡី បាននិយាយនៅក្នុងកម្មវិធីកិច្ចសន្ទនាតាមវិទ្យុអាស៊ីសេរីអំពីរបាយការណ៍ថ្មីៗដែលត្រូវបានផ្សាយដោយអង្គការអន្តរជាតិ គ្លូបល វីដណេស ដែលថាគ្រួសារត្រកូល “ហ៊ុន” ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា ដោយមានក្រុមហ៊ុនជាង១០០និងមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារ។ប្រភពVOD
http://vodhotnews.com/2016/07/around-community-ngos-urge-a-transparency-investigation-about-kem-ley-case