ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចដាក់ឲ្យប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទ បដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាតឲ្យលោកចាកចេញពីប្រទេសកម្ពុជា។ក្នុងដីកាសម្រេចមួយចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង សម្រេចមិនឲ្យលោក កឹម សុខា ចាកចេញទៅក្រៅប្រទេស បើមិនដូចនោះទេ ចៅក្រមស៊ើបសួរអាចនឹងសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន។លោក ថាន់ ឡេង សរសេរក្នុងដីកាសម្រេចនោះថា៖ “ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈអនុវត្តឲ្យបានសម្រេចតាមខ្លឹមសារនៃដីកាសម្រេចនេះ និងត្រូវរាយការណ៍មកចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីជនត្រូវចោទ កឹម សុខា មិនគោរពតាម … ដីកាសម្រេចនេះ …។ ប្រសិនបើជនត្រូវចោទគេចវេសដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការនេះ ចៅក្រមស៊ើបសួរ អាចសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន … ” ។គួរបញ្ជាក់ថា លោក កឹម សុខា បានកំពុងស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ ជាងមួយខែមកហើយ បន្ទាប់ពីមានការប៉ុនប៉ងចាប់ខ្លួនលោក មិនបានសម្រេចកាលពីចុងខែឧសភា ពីសំណាក់អាជ្ញាធរ និងក្រោយបន្ទាប់ពីលោកបដិសេធមិនចូលខ្លួនតាមដីកាកោះចំនួនពីរលើក៕ប្រភពVOD
http://vodhotnews.com/2016/07/court-prohabits-kem-sokha-out-country