អាជ្ញាធររាជធានីភ្នំពេញបានរឹបអូសយកបាយម្ហូបនិងសំភារៈតវ៉ារបស់សកម្មជននៅតំបន់បុរីកីឡា ខណៈអ្នកពាក់អាវខ្មៅទាំងនោះគ្រោងចេញតវ៉ានៅមុខតុលាការដែលបើកសវនាការលើលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។សកម្មជនតំបន់បុរីកីឡា អ្នកស្រី ស ស៊ន ប្រាប់VODតាមទូរស័ព្ទថា កម្លាំងសមត្ថកិច្ចបានរឹបអូសយកបាយមួយឆ្នាំងលេខ១០និងម្ហូបអាហារមួយស្រាក់ រួមទាំងទឹកសុទ្ធ៤យួរនិងហែកបដារបស់អ្នកតវ៉ាចោល។ អ្នកស្រីបន្តថា ក្រោយពីសមត្ថកិច្ចរឹបអូសសំភារៈទាំងនោះ សកម្មជនអាវខ្មៅជិត១០នាក់បាននាំគ្នាទៅសុំយកសំភារៈទាំងនោះពីអាជ្ញាធរខណ្ឌ៧មករាវិញ តែអាជ្ញាធរមិនព្រមប្រគល់ឲ្យវិញទេ ដោយថារក្សាទុករហូតដល់ម៉ោង៤រសៀល។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា បើទុករហូតដល់ពេលរសៀលនោះធ្វើឲ្យម្ហូបអាហាររបស់គាត់ត្រូវផ្អូមអស់។ទោះជាយ៉ាងណាម៉ោងប្រហែល១០ព្រឹកនេះ អជ្ញាធរខណ្ខ៧មករាបានប្រគល់សំភារៈមកឲ្យអ្នកបុរីកីឡាវិញហើយ ខណៈតុលាការលើកពេលសវនាការលើលោក នី ចរិយា។ប្រជាសហគមន៍មានជម្លោះដីធ្លីបានធ្វើយុទ្ធនាការអាវខ្មៅនេះចំនួន១១លើកហើយ ដោយចាប់ផ្តើមតាំងពីថ្ងៃទី៩ ខែឧសភាកន្លងមក ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប ១រួប។ប្រភពRFA
http://vodhotnews.com/2016/07/the-authorities-seized-the-food-of-black-monday-activist