ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពិភាក្សាជាមួយមន្ត្រីអង្គការសិទ្ធិមនុស្សតំបន់ដោយនិយាយពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះមាននិយាយពីការចោទប្រកាន់តាមផ្លូវតុលាការមកលើមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំង។លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលនេះថា លោកបានជួបពិភាក្សាជាមួយនាយកទទួលបន្ទុកតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍នៃអង្គការសហព័ន្ធសិទ្ធិមនុស្សអន្ដរជាតិ លោក អេនដ្រៀ ជោគគិតតា (Andrea Giorgetta) នៅស្នាក់ការគណបក្សនៅព្រឹកនេះ។ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះសរសេរទៀតថាភាគីទាំងពីរបានជជែកគ្នាលើការចាប់ខ្លួននិងការចោទប្រកាន់មន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងនិងជាពិសេសករណីឃាតកម្មលើអ្នកវិភាគល្បីឈ្មោះ លោក កែម ឡី។លោកសរសេរទៀតថា៖ “ក្នុងជំនួបនេះ យើងបានជជែកគ្នាអំពី ការរំលោភសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ជាពិសេស ពាក់ព័ន្ធនឹងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការចោទប្រកាន់តាមផ្លូវតុលាការ មកលើគណបក្សសង្គ្រោះជាតិ អង្គការក្រៅរដ្ឋាភិបាល និង អំពើឃាតកម្មដែលបានកើតឡើងថ្មីៗនេះមកលើអ្នកវិភាគឯករាជ្យ។ អ្វីដែលសំខាន់ខ្ញុំបាន ទទួលព័ត៌មានជាច្រើនពីគាត់ ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស នានានៅប្រទេសកម្ពុជា”។ប្រភពVOD
http://vodhotnews.com/2016/07/kem-sokha-meeting-with-international-human-right-organization