មេដឹកនាំដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី កាលពីរសៀលថ្ងៃអង្គារបានបកស្រាយពន្យល់ថាការអំពាវនាវរបស់លោកឲ្យអឺរ៉ុបបិទការនាំចូលទំនិញពីប្រទេសកម្ពុជា គឺដើម្បីជំរុញឲ្យមេដឹកនាំកម្ពុជាបច្ចុប្បន្នចេះកែខ្លួននិងដើម្បីឲ្យកម្មករមានការងារកាន់តែច្រើននិងទទួលបានប្រាក់ខែកាន់តែច្រើនថែមទៀត។នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះបានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។ប៉ុន្តែរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោក អ៊ូច បូរិទ្ធិ និងមេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា រិះគន់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី នឹងធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រយោជន៍ ហើយកម្មករ-កម្មការិនីរាប់សែននាក់នឹងបាត់បង់ការងារ។ទោះជាយ៉ាងណាលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីរសៀលថ្ងៃអង្គារដដែលនេះ ដោយបានសេរសេរថា៖ «ពេលស្នើឲ្យដាក់លក្ខខណ្ឌចំពោះជំនួយអន្តរជាតិឬចំពោះការបើកទីផ្សារនៅបរទេសរបស់ខ្ញុំ គឺចង់ឲ្យមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃចេះកែខ្លួនដើម្បីជម្រើសទី១»។ប្រភពVOD
http://vodhotnews.com/2016/07/sam-rainsy-defends-his-statement