លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះយោធាកំពុងស៊ើបអង្កេតវីដេអូមួយដែលក្នុងនោះបុរសម្នាក់បានប្រកាសផែនការធ្វើរដ្ឋប្រហារប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដោយឡែកពីនេះបានចល័តកងរថក្រោះពីព្រំដែនថៃ មកកៀករាជធានីភ្នំពេញ សម្រាប់ “ជួសជុល”។ការប្រកាសនេះបានកើតមានឡើង ខណៈមានការរំពឹងទុកថាប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់នឹងប្រមូលផ្ដុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ទៅកាន់ភូមិកំណើតរបស់លោកក្នុងខេត្តតាកែវ ចម្ងាយប្រមាណ៧០គីឡូម៉ែត្រនាភាគនិរតីរាជធានី។នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា យោធាបានចាប់ផ្ដើមស៊ើបអង្កេតវីដេអូមួយដែលត្រូវបានបញ្ចូលក្នុងយូធ្យូបនិងបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ បង្ហាញពីបុរសម្នាក់ហៅខ្លួនឯងថា “សៀមរាបអង្គរ ” ដែលអំពាវនាវឱ្យយោធាត្រៀមខ្លួនធ្វើរដ្ឋប្រហារ។លោកថ្លែងថា “សកម្មភាពនេះគឺពិតជាឆ្កួតណាស់ ហើយកងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងស្រាវជ្រាវវែកមុខជនដែលចង់ធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។ ប្រភពខេមបូឌា ដេលី
http://www.cambodiadailykhmer.com/33096