ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី១៩ ខែកក្កដា ចេញសេចក្ដីប្រកាសថ្កោលទោសលោក សម រង្ស៊ី ដែលអំពាវនាវសហគមន៍អឺរ៉ុបឱ្យបិទទីផ្សារនាំចេញសំលៀកបំពាក់ពី កម្ពុជា។ រីឯគណបក្សប្រជាជនកម្ពុជា ចាត់ទុកការអំពាវនាវបែបនេះថា ជាការសម្លាប់ពលរដ្ឋខ្មែរ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការអំពាវនាវរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឱ្យសហភាពអឺរ៉ុបបិទផ្សារនាំចូលសំលៀកបំពាក់ពីកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋកម្ពុជា ពី ១លាន ទៅ ២លាននាក់។លោក សុខ ឥសាន៖ «ខ្ញុំយល់ថា តម្លៃផលិតផលដែលនាំចេញទៅសហគមន៍អឺរ៉ុបហ្នឹង វាមានរហូតទៅដល់ ៣ពាន់ទៅ ៤ពាន់លានដុល្លារ។ អ៊ីចឹងបើកាលណាគាត់ផ្អាកឈប់នាំចេញ កម្មករនិយោជិកប្រមាណពី ៣សែន ទៅ ៤សែននាក់ ដែលអត់ការងារធ្វើ ហើយមួយគ្រួសារមានតែ ៣នាក់ យើងគុណទៅវា ១លានទៅ ២លាននាក់ឯណោះ។ វាជះឥទ្ធិពលទៅដល់ក្រុមគ្រួសារនៅឯស្រុកកំណើតឯណោះ។ អ៊ីចឹងទេ វាអត់ឈឺក្បាលវិលមុខឯកឧត្ដម សម រង្ស៊ី ទេ។ គាត់គិតធ្វើម៉េចឱ្យតែគេផ្អាក»។ប្រសាសន៍លោក សុខ ឥសាន ជាការឆ្លើយតបចំពោះបទអន្តរាគមន៍របស់លោក សម រង្ស៊ី ដែលបានធ្វើឡើងនៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ដោយស្នើសុំឲ្យបិទទីផ្សារនាំចេញសំលៀកបំពាក់ពីកម្ពុជា ហើយប្រសិនបើបើកវិញត្រូវមានភ្ជាប់ដោយលក្ខខណ្ឌ។ប្រភពRFA
http://www.rfa.org/khmer/news/politics/govt-condemns-samrainsy-07192016225904.html