លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី២០ ខែកក្កដានេះបានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយប្រាប់ឲ្យពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមពង្រឹងនីតិរដ្ឋឲ្យបានល្អរឹងមាំនិងកុំភ្លេចទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅពេលខាងមុខ។លោកនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះស្របពេលដែលលោកបានធ្វើដំណើរដោយរថយន្តទៅកាន់ខេត្តបាត់ដំបង ដើម្បីជួបនិងសំណេះសំណាលជាមួយមន្រ្តីរាជការក៏ដូចជាពលរដ្ឋដែលរស់នៅទីនោះ។យោងតាមខ្លឹមសារដែលសរសេរក្នុងទំព័រហ្វេសប៊ុក លោក ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតថា លោកនឹងគ្រោងបន្តធ្វើដំណើរទៅគ្រប់២៥រាជធានីខេត្តក្រុង ដើម្បីយកចិត្តទុកដាក់ដោះស្រាយសេវាតម្រូវការចាំបាច់នានា ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធិភាព ព្រមទាំងលុបបំបាត់កំហុសឆ្គងនិងភាពអសកម្ម។លោកនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកឲ្យលុបបំបាត់ទាំងអស់នូវកុងត្រូលគ្រប់ប្រភេទទោះជជុះឬមិនជជុះ ហើយរំលឹកបន្ថែមឲ្យមន្រ្តីរាជការនិងកងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមគាំទ្រសមត្ថកិច្ចគយនិងពន្ឋដារក្នុងការប្រមូលចំណូល។សារក្នុងទំព័រហេ្វសប៊ុកនោះឲ្យដឹងទៀតថាលោកនាយករដ្ឋមន្រ្តីបានផ្តាំផ្ញើមន្រ្តីពាក់ព័ន្ធនិងអាជ្ញធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើនិងដោះស្រាយទំនាស់ដីធ្លីក្នុងខេត្តនីមួយៗរបស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ធិភាព។ប្រភពVOD
http://vodhotnews.com/2016/07/pm-urges-citizens-to-register-for-election