លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅនឹងអ្នកលេងហ្វេសប៊ុកម្នាក់ដោយបញ្ជាក់ថាវៀតណាមមិនមែនជាចៅហ្វាយនាយរបស់លោកទេ ហើយក៏មិនមានហេតុផលដែលលោកត្រូវស្មោះត្រង់ដែរ។នៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន មានហ្វេសប៊ុកមួយឈ្មោះ Phạm Đức Hiển ផ្តល់យោបល់ឬ Comment កាលពីយប់មិញថា លោក ហ៊ុន សែន ក្បត់វៀតណាម។លោក ហ៊ុន សែន ឆ្លើយតបនិងការផ្តល់យោបល់នេះថាវៀតណាមមិនមែនជាចៅហ្វាយនាយ ឱពុក ឬព្រះមហាក្សត្រដែលលោកត្រូវគោរពស្មោះត្រង់នោះទេ៖«តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកស្មោះត្រង់តែជាមួយជនជាតិខ្មែរ ព្រះមហាក្សត្រ និងភរិយារបស់គឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប៉ុណ្ណោះ។ លោកបន្ថែមទៀតថា បើអ្នកផ្តល់យោបល់លើហ្វេសប៊ុករបស់លោកនោះជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា ហើយបើរស់នៅខុសច្បាប់ត្រូវចាកចេញពីកម្ពុជា៕