លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាជ័យលាភីនៃ«សមិទ្ធផលអាស៊ានមួយជីវិត» របស់វិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ីដែរ។ក្រោយពីប្រមុខរដ្ឋាភិបាលបានទទួលពានរង្វាន់ សមិទ្ធផលអាស៊ានមួយជីវិតកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងប្រទេសឡាវនោះ សមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នចំណុះរដ្ឋាភិបាល វិស័យឯកជននានាជាច្រើននៅក្នុងប្រទេសកម្ពុជា បានផ្ញើសារអបអរសាទរលោក ហ៊ុន សែន ជាបន្តបន្ទាប់គ្នា។
នៅក្នុងលិខិតផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី លោក ស ខេង បានសរសេរយ៉ាងដូច្នេះថា៖«ការទទួលពានរង្វាន់ដ៏ល្បីល្បាញនេះ បានបញ្ជាក់យ៉ាងច្បាស់ថែមទៀតពីភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ និងដោយការទទួលខុសត្រូវរបស់សម្តេច ចំពោះជោគវាសនារបស់ប្រទេសជាតិ ដែលសម្តេចបានដឹកនាំធ្វើឲ្យសម្រេចបាននូវសមិទ្ធផលធំធេងមិនអាចកាត់ថ្លៃបាន»។ចំពោះលោកស ខេង ពានរង្វាន់សមិទ្ធផលអាស៊ានមួយជីវិត ក៏បានបង្ហាញថាពីការចូលរួមរបស់លោក ហ៊ុន សែន នៅក្នុងសហគមន៍ប្រជាជាតិអាស៊ីដែលត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិទទួលស្គាល់ ហើយវាក៏ជាកម្លាំងចលករជំរុញឲ្យប្រទេសកម្ពុជាកាន់តែបោះជំហ៊ានរឹងមាំក្នុងការអភិវឌ្ឍគ្រប់វិស័យផងដែរ៕
https://www.thmeythmey.com/?page=detail&ctype=article&id=43024&lg=kh&