សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធចូលខ្លួនតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ជាលើកទី២ នៅថ្ងៃទី១៧ សីហា ជុំវិញបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) នៅ ថ្ងៃទី១៧ សីហា ថា ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា តុលាការសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្ដីនេះទៀតដោយពិនិត្យ លើពាក្យបណ្ដឹង ភស្តុតាង និងសាក្សីដែលមានប្រយោជន៍ ដល់ចំណាត់ការរឿងក្ដីនេះ។តែយ៉ាងណាក៏ដោយ មេធាវីការពារក្ដីឲ្យអ្នកស្រី ថាក់ ឡានី គឺលោក សំ សុគង់ បានចូលមកបំភ្លឺជុំវិញករណីនេះ នៅព្រឹកមិញ ទោះបីជាអ្នកស្រី ថាក់ ឡានី បដិសេធចូលខ្លួនបំភ្លឺក្ដី។អ្នកស្រី ថាក់ ឡានី ត្រូវបានលោក ហ៊ុន សែន ប្ដឹងទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១ សីហា ជុំវិញការចោទប្រកាន់លោក ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោកបណ្ឌិត កែម ឡី។ បណ្ដឹងនេះ លោក ហ៊ុន សែន ទាមទារឲ្យតុលាការ ផ្ដន្ទាទោសអ្នកស្រី ថាក់ ឡានី តាមច្បាប់ និងទារសំណងជំងឺចិត្តក្នុងម្នាក់ ១០០រៀល។ប្រភពRFA
http://www.rfa.org/khmer/news/law/Thak-Lany-rejects-second-summon-08172016000901.html