ត្រឡប់ក្រោយ

អាជ្ញាធរ​ខេត្ត​រតនគិរី​មិន​ឲ្យ​វៀតណាម​សង់​ខ្លោងទ្វារ​នៅ​មុខ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ

 

អាជ្ញាធរ​ខេត្ត​រតនគិរី អះអាង​ថា វៀតណាម បាន​ស្នើសុំ​សង់​ខ្លោងទ្វារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ជាប់​នឹង​ច្រក​ទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​ឯកភាព​ឲ្យ​សាងសង់​នៅ​ឡើយ។ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បញ្ជាក់​ថា ខ្សែ​បន្ទាត់​ខណ្ឌ​ព្រំដែន​នៅ​ចំណុច​នោះ មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ។អាជ្ញាធរ​ខេត្ត​រតនគិរី នឹង​បញ្ជូន​របាយការណ៍​វៀតណាម ស្នើសុំ​សង់​ខ្លោងទ្វារ​ប៉ុស្តិ៍​អន្តរជាតិ​របស់​ភាគី​វៀតណាម ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ បន្ទាប់​ពី​ភាគី​វៀតណាម បាន​ធ្វើ​លិខិត​ផ្លូវ​ការ​ស្នើសុំ​មក​អាជ្ញាធរ​ខេត្ត។អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ថា អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម បាន​ដាក់​លិខិត​ស្នើសុំ​សង់​ប៉ុស្តិ៍​នេះ​មក​អាជ្ញាធរ​ខេត្ត ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​នៅ​ក្រុង​ បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា។ លោក​ថា វៀតណាម សំអាង​ថា​កន្លែង​សង់​ខ្លោងទ្វារ​ប៉ុស្តិ៍​ព្រំដែន​ឋិត​ក្នុង​ដី​វៀតណាម ក៏ប៉ុន្តែ​តាម​កិច្ច​ព្រមព្រៀង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កំណត់​ថា តំបន់​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​នោះ បង្គោល​ខណ្ឌ​សីមា​ត្រូវ​រក្សា​ស្ថានភាព​ដដែល មិន​អនុញ្ញាត​ឲ្យ​សាងសង់ ឬ​ធ្វើ​អ្វី​បាន​ឡើយ៖ «រឿង​ព្រំដែន​យើង​បោះ តែ​បង្គោល​សីមា​យើង​អត់​ទាន់​គិតគូរ​គ្នា។ ក្នុង​កិច្ចការ​បច្ចេកទេស​រឿង​បោះ​ព្រំដែន​វា​អ៊ីចឹង​ហើយ បាន​ជា​មាន​ការ​ជំទាស់​ពី​ខាង​យើង។ ធម្មតា​ការ​បោះ​បង្គោល​ព្រំដែន ហើយ​វា​នៅ​បង្គោល​សីមា​មួយ​ទៀត​ចន្លោះ​មួយៗ ខាង​ណា​ខាង​គេ ខាង​ណា​ខាង​យើង។ ដោយសារ​មិន​ទាន់​ច្បាស់លាស់ បាន​យើង​ទាមទារ​គេ​មិន​ឲ្យ​សាងសង់»។ប្រភពRFA

http://www.rfa.org/khmer/news/politics/vietnam-build-gate-at-border-08172016081404.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា