អាជ្ញាធរខណ្ឌដូនពេញ បន្តឃុំខ្លួនតំណាងសហគមន៍បឹងកក់២នាក់ គឺអ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា នៅអធិការដ្ឋានខណ្ឌនៅឡើយទេ រហូតល្ងាចថ្ងៃទី១៦ សីហា។កាលពីព្រឹកមិញ ប្អូនស្រីលោកស្រី បូវ សោភា លោកស្រី បូវ សោភ័ណ បានថ្លែងឲ្យដឹងក្រោយពីចូលទៅជួបអាជ្ញាធរខណ្ឌដូនពេញ ថា សមត្ថកិច្ចគ្រោងបញ្ជូនអ្នកស្រី ទេព វន្នី និងលោកស្រី បូវ សោភា ទៅកាន់តុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់ នៅថ្ងៃត្រង់នេះ។ ប៉ុន្តែអ្នកទាំង២ មិនទាន់ត្រូវបានបញ្ជូនទៅកាន់តុលាការនៅឡើយទេ រហូតដល់ល្ងាចថ្ងៃដដែលនេះ។លោកស្រី បូវ សោភ័ណ បានបន្តឲ្យដឹងថា សមត្ថកិច្ចបានសាកសួរអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពីប្រភពនៃការធ្វើទង់ជាតិ ទីងមោង ក្រវិល រួមនឹងសម្ភារៈផ្សេងទៀត សម្រាប់ធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ។ក្នុងពេលជាមួយគ្នា មានសកម្មជនដីធ្លីប្រមាណ២០នាក់ កំពុងតវ៉ានៅខាងមុខអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីទាមទារឲ្យអាជ្ញាធរដោះលែងអ្នកពីរ។ ពួកគេចាត់ទុកការចាប់ខ្លួនសកម្មជនដីធ្លីទាំងពីរមកសាកសួរ ថា ជារឿងគួរឲ្យអស់សំណើច។ប្រភពRFA
http://www.rfa.org/khmer/news/human-rights/freehrdkh-tep-vanny-bov-sophea-08152016235549.html