នាយករដ្ឋមន្រ្តីកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ អះអាងថាគ្មាននរណាអាចបំបែកឯកត្តកម្មពីលោកបានទេ ក្នុងការកាន់អំណាចតាំងពីវ័យក្មេងមក។នៅចំពោះមុខសកម្មជនបរិស្ថាននិងមន្រ្តីរដ្ឋាភិបាលរាប់រយនាក់ក្នុងវេទិកាបរិស្ថាននៅថ្ងៃនេះ លោក ហ៊ុន សែន បានរំលឹកពីប្រវត្តិការងាររបស់លោកដោយភ្ជាប់នឹងប្រវត្តិដឹកនាំកងទ័ពប្រឆាំងនឹងរបបខ្មែរក្រហម។លោកអះអាងថា លោកអាចដើរចេញពីអំណាចនៅពេលណាក៏បានដែរ ប៉ុន្តែលោកសួរថាតើនរណានឹងមកជំនួស? លោកអះអាងថា លោកក្រាញអំណាច ដើម្បីសុវត្ថិភាពប្រទេស។ជាមួយគ្នានោះ លោកទទួលស្គាល់ថាការចុះមូលដ្ឋានជួបពលរដ្ឋនៅពេលថ្មីៗ គឺដើម្បីរកសន្លឹកឆ្នោត។ លោកថា នេះជាឆ្លើយតបទៅនឹងការរិះគន់របស់បក្សប្រឆាំង។អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយដែលមានកម្រាស់ជាង៧០ទំព័រ ដោយនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានចាត់ទុកការដឹកនាំអស់រយៈជាង៣០ឆ្នាំមកនេះថា ពោរពេញទៅដោយ “ហិង្សា ការគាបសង្កត់ និងអំពើពុករលួយ“។ចំណងជើងរបាយការណ៍នេះមានឈ្មោះថា «30 years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែលត្រូវបានស្រាវជ្រាវនិងសរសេរដោយនាយកអង្គការ Human Rights Watch ប្រចាំអាស៊ី លោក ប្រេដ អាដាម (Brad Adams)។ប្រភពVOD
http://vodhotnews.com/22/08/2016/no-one-could-break-hun-sen-record