លោក សម រង្ស៊ី បានថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសថាចំណាត់ការនានារបស់រដ្ឋាភិបាល រួមទាំងតុលាការមកលើសមាជិកគណបក្សប្រឆាំងជាការរារាំងរបស់លោក ហ៊ុន សែន មិនចង់ឲ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោត។លោក សម រង្ស៊ី លើកឡើងដូចនេះតាមរយៈវីដេអូមួយកាលពីម្សិលមិញ ដែលលោកបានថ្លែងនៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក។ លោកថា បើមិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតគឺគ្មាននរណាទទួលស្គាល់ការបោះឆ្នោតទេ។លោកមានប្រសាសន៍ថា៖ “ដូច្នេះអត់មានអ្នកណាទទួលស្គាល់ទេ។ ទទួលស្គាល់ ទាល់តែមានការប្រកួត ទាល់តែគូប្រកួតពីរ ឥឡូវនេះគាត់រករឿងគណបក្សសង្គ្រោះជាតិ រករឿងទាំង កឹម សុខា រករឿងទាំង សម រង្ស៊ី គឺគាត់មិនចង់ ហើយគាត់មិនហ៊ានប្រកួតជាមួយប្រធានគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ“។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់វីអូឌីថាការចាប់ខ្លួនសមាជិកបក្សប្រឆាំងនិងការមិនអាចចូលប្រកួតប្រជែងរបស់លោក សម រង្ស៊ី ជាកំហុសរបស់លោក សម រង្ស៊ី និងសមាជិកខ្លួនឯងផ្ទាល់ ដោយលោកថាអ្វីដែលលោក សម រង្ស៊ី និងសមាជិកខ្លួនធ្វើគឺត្រូវទទួលខុសត្រូវមុខច្បាប់។ប្រភពVOD
http://vodhotnews.com/24/08/2016/hun-sen-try-to-prevent-cnrp-from-election-said-sam-rainsy