ត្រឡប់ក្រោយ

តុលាការ​អាមេរិក​គ្រោង​បើក​សវនាការ​​ជុំវិញ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​និង​លោក​ហ៊ុន ម៉ាណែត

 

មេធាវី​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង និង​ជា​ខ្មែរ-​អាមេរិកាំង ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ស្នើ​ឲ្យ​តុលាការ​ផ្ដល់​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា (jurisdictional discovery) ដើម្បី​អាច​ឲ្យ​ដើម​បណ្ដឹង មាន​លទ្ធភាព​ស្វែង​រក​ការពិត​ពី​បទ​ល្មើស​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ឡើង ​ដោយ​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុស​របស់​លោក។ តុលាការ​គ្រោង​នឹង​បើកសវនាការ​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។តុលាការ​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នឹង​បើក​សវនាការ​លើក​ដំបូង​ចំពោះ​ករណី​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ធ្វើ​ទារុណកម្ម និង​អំពើ​ភេរវកម្ម។ តុលាការ​ក៏​នឹង​ពិនិត្យ​ករណី​បណ្ដឹង​រដ្ឋប្បវេណី និង​បទឧក្រិដ្ឋ ពាក់ព័ន្ធ​រឿង​អង្គរក្ស​លោក ហ៊ុន ម៉ាណែត វាយ​ប្រហារ​លើ​ស្មៀន​ជនជាតិ​អាមេរិក ម្នាក់​ឲ្យ​រង​របួស​ធ្ងន់។សវនាការ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​​ទី​១ ខែ​កញ្ញា ខាង​មុខ។ គោលបំណង​នៃ​សវនាការ​នេះ គឺ​ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​បង្គាប់ ឬ​ហៅ​ជា​អង់គ្លេស​ថា ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែងរក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ជា​ប្រយោជន៍​ បង្ហាញ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ជា​ប្រព័ន្ធ​ទុក្ខបុកម្នេញ​ខ្មែរ-​ អាមេរិកាំង ដែល​វិល​ត្រឡប់​ទៅ​ស្នាក់នៅ​ប្រទេស​កំណើត តាម​រយៈ​ការ​ធ្វើ​ទារុណកម្ម ការ​កាប់​សម្លាប់ ចាប់​ដាក់​ពន្ធនាគារ​ដើម្បី​គំរាមកំហែង និង​បង្ការ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​នោះ អាច​ប្រកួតប្រជែង​អំណាច​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​២០១៨ បាន។ប្រភពRFA

http://www.rfa.org/khmer/news/law/US-court-to-trial-hunmanet-and-hunsen-govt-case-08232016224935.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា