លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យយករូបលោកនិងប្រទេសកម្ពុជាទៅភ្ជាប់ពាក់ព័ន្ធក្នុងករណីជម្លោះរវាងវៀតណាមនិងចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលកំពុងមានភាពតានតឹង។នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ លោកសរសេរថាមានហ្វេសប៊ុកជនជាតិវៀតណាមួយឈ្មោះ Bao Lam សរសេរជាអក្សរវៀតណាម វាយប្រហាររូបលោកថា៖ «មានជនជាតិវៀតណាមម្នាក់ឈ្មោះ Bao Lam ចូលមក comment វាយប្រហារខ្ញុំដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់និងប្រទេសដទៃ»។ក្នុងយោបល់នោះ លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យវៀតណាមដោះស្រាយជម្លោះជាមួយចិនដោយសន្តិវិធី។ លោកក៏បានចោទសួរឈ្មោះ Bao Lam នោះថា ការវាយប្រហាររូបលោកនេះជាគំនិតផ្ទាល់ខ្លួនឬជាគំនិតមេដឹកនាំវៀតណាម។កាលពីថ្ងៃទី៣១ ខែកក្កដា ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុក Phạm Đức Hiển ដែលជាឈ្មោះវៀតណាមបានចូលសរសេរយោបល់លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «លោក ហ៊ុន សែន ក្បត់វៀតណាម»។ ពេលនោះលោកនាយករដ្ឋមន្ត្រីក៏បានប្រតិកម្មវិញថា វៀតណាមមិនមានចៅហ្វាយនាយឬ ឪពុករបស់លោក ដែលតម្រូវឲ្យលោកត្រូវស្មោះត្រង់នោះទេ៕ប្រភពVOD
http://vodhotnews.com/24/08/2016/hun-sen-said-not-to-connect-him-with-the-conflict-between-china-and-vn