សង្គមស៊ីវិលធ្វើការតស៊ូមតិផ្នែកគ្រឿងស្រវឹង នាំគ្នាធ្វើយុទ្ធនាការនៅខេត្ដសៀមរាបកាលពីព្រឹកថ្ងៃពុធ ទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោតដោយអះអាងថា ការប្រើប្រាស់គ្រឿងស្រវឹងនេះធ្វើឲ្យអ្នកបោះឆ្នោត ពិបាកសម្រេចចិត្ដ។ក្បួនដង្ហែនេះ ចេញពីវត្ដព្រះព្រហ្មរ័ត្ន ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដោយមានប្រជាពលរដ្ននិងព្រះសង្ឃប្រមាណ១០០នាក់/អង្គ។ ពិធីហែក្បួននេះ ឆ្លងកាត់តាមវិថីសំខាន់ៗមួយចំនួនក្នុងខេត្ដទេសចរណ៍នេះ ដោយមានបង្ហាញសារមួយចំនួន កុំឲ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹងនៅថ្ងៃចុះឈ្មោះបោះឆ្នោតនិងពេលបោះឆ្នោត។ នៅក្នុងយុទ្ធនាការនោះ ក៏បានបង្ហាញសារខ្លះឲ្យពលរដ្ឋគាំទ្រនូវសេចក្ដីព្រៀងច្បាប់ស្ដីពីការទប់ស្កាត់ការប្រើគ្រឿងស្រវឹងផងដែរ។ប្រធានកម្មវិធីមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្ដិភាព លោក សេង រិទ្ធី មានប្រសាសន៍ថាថ្ងៃសីលនិងថ្ងៃបោះឆ្នោត រដ្ឋាភិបាលបានហាមឃាត់មិនឲ្យការលក់គ្រឿងស្រវឹង ប៉ុន្ដែនៅថ្ងៃនោះមានសកម្មជនគណបក្សនយោបាយមួយចំនួន បានបញ្ចុះបញ្ចូលឲ្យពលរដ្ឋទទួលទានគ្រឿងស្រវឹង ដែលលោកថាពេលពួកគាត់ស្រវឹង ធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្ដរបស់ពួកគេនិងបង្កការលំបាកដល់ដំណើរការបោះឆ្នោត។ លោកបន្ដថា ការប្រើប្រាស់គ្រឿងស្រវឹងក៏បានធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ លោកបន្ដថា៖ “កាលណាគាត់ស្រវឹងជ្រុល ពេលខ្លះគាត់ហូបធ្ងន់ធ្ងរ ព្រឹកឡើងថ្ងៃបោះឆ្នោត ទៅដល់គាត់អត់បានទៅបោះឆ្នោតក៏មានដែរ អាហ្នឹងយើងធ្វើកាត់បន្ថយហានិភ័យឲ្យអស់ ដើម្បីកុំឲ្យមានការកើតឡើងចំពោះរូបគាត់បាត់បង់សិទ្ធិរបស់គាត់“។ប្រភពVOD
http://vodhotnews.com/24/08/2016/csos-parade-to-prevent-using-alcoholic-during-election