ឧទ្ធម្ភាគចក្រយោធា ៣គ្រឿងទៀត បានបន្តហោះឆ្វែលជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅម៉ោងជិត ២រសៀលនេះ។ សកម្មភាពហោះហើរឆ្លងកាត់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅចាក់អង្រែលើ នេះ គឺបានកើតឡើងកាលពីម៉ោង ១០ព្រឹក ថ្ងៃទី៣១ ខែសីហា នេះម្ដងរួចហើយ។តំណាងរាស្រ្ត និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក ឡុង រី ឲ្យអាស៊ីសេរី ដឹងថា កាលពីព្រឹកមិញ ឧទ្ធម្ភាគចក្រទាំងនោះហោះឆ្វែលក្បែរៗដំបូលទីស្នាក់ការកណ្ដាលក្នុង រយៈពេលជាង ៤០នាទី ទើបផ្លាស់ទីចាកចេញ។ លោក ឡុង រី ឲ្យដឹងថា មិនត្រឹមតែមានឧទ្ធម្ភាគចក្រហោះឆ្វែលប៉ុណ្ណោះទេ ថែមទាំងមានអូប័រជាច្រើនគ្រឿងបើកឆ្លងកាត់ខាងក្រោយទីស្នាក់ការ នេះទៀតផង។លោកថា នេះជាសកម្មភាពគំរាមកំហែងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយលោកចោទសួរថា តើទីនេះ (ទីស្នាក់ការគណបក្សសង្គ្រោះជាតិ) ជាកន្លែងហាត់សមហោះយន្តហោះរបស់យោធា ឬយ៉ាងណា? រូបភាពបែបនេះ គឺដូចគ្នាទៅនឹងរូបកាលពីដើមឆ្នាំ២០១៤ នៅពេលសមត្ថកិច្ចចុះបំបែកទីលានប្រជាធិបតេយ្យ ក៏មានឧទ្ធម្ភាគចក្រហោះឆ្វែលនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដូចគ្នានេះដែរ។ទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សព្វថ្ងៃ គឺជាកន្លែងដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងឃុំខ្លួនឯង ដែលសកម្មជនគណបក្សប្រឆាំងតែងតែផ្លាស់វេនគ្នាទៅប្រមូលផ្ដុំនៅទី នោះ។ប្រភពRFA
http://www.rfa.org/khmer/news/politics/helicopters-cnrp-08312016031912.html