ប្រធានគណបក្សអំណាចខ្មែរ បានប្រកាសឲ្យសកម្មជនខ្លួនត្រៀមខ្លួនទប់ស្កាត់និងដាក់ពាក្យបណ្តឹងទៅលើមន្ត្រីណាដែលចុះឈ្មោះឲ្យជនបរទេសខុសច្បាប់ បោះឆ្នោតរើសមេដឹកនាំកម្ពុជា។ក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ លោក សួន សេរីរដ្ឋា ថ្លែងថាគណបក្សលោកបានប្រកាសឲ្យសកម្មជនខ្លួន ត្រៀមខ្លួនទប់ស្កាត់ជនបរទេសខុសច្បាប់ដែលទៅចុះឈ្មោះបោះឆ្នោត។ លោកថាគណបក្សនេះក៏ត្រៀមដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីណាដែលចុះឈ្មោះឲ្យជនបរទេសទាំងនោះ។ លោកបន្តថា៖ “យើងសម្រេចផ្ទេរសិទ្ធិឲ្យតំណាងរាជធានី–ខេត្តទាំងអស់នៅទូទាំងប្រទេសគឺថាមានសិទ្ធិ ដើម្បីនឹងចាត់ចែងតែងតាំងសកម្មជននៅតាមឃុំ–សង្កាត់ទាំងអស់ ដើម្បីឃ្លាំងមើលការចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស។… ទប់ស្កាត់(ជនបរទេស)ផង ហើយអាចដាក់ពាក្យបណ្តឹងប្តឹងផង មិនមែនប្តឹងត្រឹមតែជនជាតិយួនទេ គឺប្តឹងចំពោះមន្ត្រីណាដែលឃុបឃិត ឲ្យពូកហ្នឹងបន្តចុះឈ្មោះបោះឆ្នោត”។លោក សួន សេរីរដ្ឋា អះអាងថា លោកមើលឃើញមានភាពមិនប្រក្រតីនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យជនជាតិវៀតណាមដោយមិនបានចូលសញ្ញាតិត្រឹមត្រូវ។ លោកថាជនបរទេសមិនអាចសម្រេចវាសនាប្រទេសកម្ពុជាជំនួសប្រជាជនកម្ពុជាបានទេ។មន្រ្តីអន្តោប្រវេសន៍កម្ពុជាឲ្យដឹងថា មានជនជាតិវៀតណាមជាង៧ម៉ឺននាក់ប្រើប្រាស់ឯកសាររដ្ឋបាលរបស់កម្ពុជាដោយខុសច្បាប់។ប្រភពVOD
http://vodhotnews.com/31/08/2016/soun-sereyrotha-tell-his-activist-to-sue