គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថាព្រះសង្ឃអាចចុះឈ្មោះបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនំាដូចប្រជាពលរដ្ឋធម្មតាដែរ ដោយថាតម្រូវឲ្យមានឯកសារបញ្ជាក់អត្តសញ្ញាណ។ការលើកឡើងនៅពេលនេះហាក់ផ្ទុយគ្នានឹងការអះអាងរបស់អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ដែលធ្លាប់ឡើងកន្លងមកដែលថាព្រះសង្ឃមិនអាចចុះឈ្មោះបោះឆ្នោតបានទេ ដោយលោកថាក្រសួងមហាផ្ទៃមិនធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យព្រះសង្ឃ។ប៉ុន្តែក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ខែសីហានេះ ស្តីពីនីតិវិធីនិងច្បាប់បោះឆ្នោតដែលធ្វើនៅក្រសួងព័ត៌មាន លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ថ្លែងថា បើទោះជាក្រសួងមហាផ្ទៃមិនចេញអត្តសញ្ញាណប័ណ្ណឲ្យព្រះសង្ឃក៏ដោយ លោកថាព្រះសង្ឃក៏អាចមានសិទ្ធិចុះឈ្មោះបោះឆោ្នតបានតាមរយៈធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ។ លោកបន្តថា៖ “បើយើងជជែកនៅក្នុងច្បាប់ ព្រះសង្ឃពិតជាអត់មែន ប៉ុន្តែដើម្បីសម្រួល ព្រះសង្ឃក៏ជាប្រជាពលរដ្ឋខ្មែរដែរ ព្រះសង្ឃដែលអត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រោះអង្គនិមន្តទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណដូចឧបាសក ឧបាសិកា ត្រូវបំពេញលក្ខខណ្ឌបី មានសំបុត្រកំណើតនិងមានរូបថតពីរសន្លឹក ព្រះសង្ឃទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ ព្រះអង្គនិមន្តទៅចុះឈ្មោះបោះឆ្នោត“។ប្រភពVOD
http://vodhotnews.com/31/08/2016/nec-will-facilitate-for-monk-to-be-able-to-vote