ត្រឡប់ក្រោយ

គ.ជ.ប.​សម្រេច​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. កាលពីថ្ងៃម្សិលមិញ បានសម្រេចឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយ គ.ជ.ប. កាលពីថ្ងៃម្សិលមិញ។អ្នកនាំពាក្យ គ.ជ.ប. បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា គ.ជ.ប. បានប្រជុំពិភាក្សាកាលពីថ្ងៃម្សិលមិញ ទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃកន្លងមក ហើយសម្រេចឲ្យធ្វើការចុះឈ្មោះបោះឆ្នោតបន្ថែម នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ដែលជាថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។កាលពីដើមខែសីហាកន្លងមក គណបក្សសង្គ្រោះជាតិ បានស្នើទៅ គជ.ប. ឲ្យរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃខាងមុខ ដែលបក្សប្រឆាំងថា ដើម្បីផ្ដល់ឱកាសដល់ពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតនាពេលនោះ។ប៉ុន្តែ គ.ជ.ប. កាលពីថ្ងៃទី០៥ ខែសីហាកន្លងមក បានបដិសេធចំពោះសំណើរបស់គណបក្សប្រឆាំង ដោយថា ការស្នើឲ្យមានការរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកនេះ អាចប៉ះពាល់ដល់ឯករាជ្យភាពរបស់ គ.ជ.ប. និងប៉ះពាល់ដល់សិទ្ធិមន្ត្រីរាជការ ដែលត្រូវឈប់សម្រាកនៅថ្ងៃបុណ្យប្រពៃណីជាតិ។ប្រភពVOD

http://vodhotnews.com/03/09/2016/registration-to-conduct-on-the-upcoming-holiday

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា