នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ បានចេញលិខិតថ្កោលទោស ចំពោះការបំផ្ទុះគ្រាប់បែក នៅផ្លូវ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន កាលពីយប់ម្សិលមិញ ហើយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម សហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាននានា ដើម្បីឈានដល់ការកំណត់ អត្តសញ្ញាណជនល្មើស ដែលទទួលខុសត្រូវក្នុងករណីនេះ។ ក្រសួងមហាផ្ទៃបញ្ជាក់ចុងក្រោយថា ករណីនេះមានអ្នករងរបួស៤នាក់ និងរថយន្ត៤គ្រឿង។សូមជំរាបថា កាលពីថ្ងៃម្សិលមិញម៉ោងប្រមាណ ៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើលមួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមានការបំផ្ទុះគ្រាប់បែក មួយគ្រាប់បណ្តាលឲ្យ មនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅក្បែរនោះខូចខាតផងដែរ។ តាមវីដេអូកាមេរ៉ា បានបង្ហាញថា ជនដៃដល់ដែលបំផ្ទុះគ្រាប់បែកជិះម៉ូតូ យកមកទម្លាក់លើផ្លូវ ១៦៣ ហើយរថយន្តលុច្សស៊ីសមួយគ្រឿង ដែលបើកតាមផ្លូវនេះ ក៏ផ្ទុះចំដោយចៃដន្យតែម្តង។