ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី អាចធ្វើឲ្យសមាជិកព្រឹទ្ធសភាដទៃទៀត ពីគណបក្ស សម រង្ស៊ី មានការរអែងចិត្តក្នុងការបញ្ចេញយោបល់ ឬទស្សនៈ។ លោកស្រី ថាក់ ឡានី សមាជិកាព្រឹទ្ធសភា ពីគណបក្ស សម រង្ស៊ី ត្រូវបានដកអភ័យឯកសិទ្ធិ កាលពីពេលថ្មីៗនេះ ក្រោយលោកស្រី រងបណ្តឹងពីនាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភា១រូប ពីគណបក្ស សម រង្ស៊ី បានចាត់ទុក ការដកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី ថាជារឿងអយុត្តិធម៌សម្រាប់លោកស្រី។ លោក លើកឡើងថា ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី គឺជាសម្ពាធនយោបាយ ដែលបក្សកាន់អំណាច កំពុងតែដាក់មកលើ បក្សដែលមានសំឡេងភាគតិច ក្នុងព្រឹទ្ធសភា។លោក ទាវ វណ្ណុល ដែលជាប្រធានគណបក្សសម រង្ស៊ី ផងនោះ ព្រួយបារម្ភថា ការដកអភ័យឯកសិទ្ធិរបស់លោកស្រី ថាក់ ឡានី នឹងក្លាយទៅជាការគំរាមកំហែងដល់សមាជិកព្រឹទ្ធសភាដទៃទៀត ពីគណបក្សរបស់លោក មិនឲ្យហ៊ានបញ្ចេញមតិ ហើយវា ក៏ជាការបង្អាក់សកម្មភាព របស់គណបក្ស ដែលមានសំឡេងភាគតិចផងដែរ។ លោក បន្តថា បញ្ហានេះ នឹងធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ។ប្រភពថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=44146&lg=kh