គណបក្សសង្គ្រោះជាតិគ្រោងនឹងរៀបចំឲ្យមានការជួបជុំអ្នកគាំទ្រ និងសមាជិកបក្សរបស់ខ្លួននៅទីស្នាក់ការបក្សចំថ្ងៃដែលសាលាដំបូងរាជធានីបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ដែលបដិសេធមិនចូលខ្លួនជាសាក្សីខណៈដែលមានការបារម្ភពីការចាប់ខ្លួនមេបក្សដែលសម្ងំតែនៅក្នុងទីស្នាក់ការបក្សអស់រយៈពេលជាង ៣ ខែមកហើយនេះ។គណបក្សសង្គ្រោះជាតិកាលពីថ្ងែទី ៥ ខែកញ្ញាបានជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញពីគម្រោងជួបជុំអ្នកគាំទ្ររបស់ខ្លួននៅស្នាក់ការគណបក្សនៅថ្ងៃទី ៩ ខែកញ្ញាចំថ្ងៃដែលតុលាការក្រុងភ្នំពេញជំនុំជម្រះសំណុំរឿងលោក កឹម សុខា។ បើតាមលិខិតនោះការជួបជុំនឹងធ្វើឡើងចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់។តំណាងរាស្រ្តគណបក្សប្រឆាំងលោក ហូរ វ៉ាន់ មានប្រសាសន៍ថាការជួបជុំនេះអាចនឹងមានអ្នកគាំទ្រច្រើនមកកាន់ស្នាក់ការគណបក្សដោយថាដើម្បីតាមដានដំណើរការសវនាការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា។ចំណែកសាលារាជធានីភ្នំពេញមិនបានហាមឃាត់ការជួបជុំនេះទេប៉ុន្តែបានឲ្យគណបក្សនេះកំណត់ចំនួនអ្នកចូលរួម។ នេះបើតាមលោក ឃួង ស្រេង អភិបាលរងរាជធានី។ចំពោះសំណុំរឿងរបស់លោក កឹម សុខា ដែលត្រូវបើកសវនាការនៅថ្ងៃសុក្រខានស្អែកនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថា បើសិនជាតុលាការរកឃើញថាលោក កឹម សុខា ពិតជាមានកំហុស និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមែននោះអាជ្ញាធរសាធារណៈនឹងចាប់ខ្លួនលោក កឹម សុខា តាមដីកានោះ។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%86%E1%9E%B6%E1%9F%86%E1%9E%84-%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%BC%E1%9E%9B%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%86%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%82%E1%9E%B6%E1%9F%86%E1%9E%91%E1%9F%92%E1%9E%9A%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8-%E1%9E%80%E1%9E%B9%E1%9E%98-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%B6