លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកិច្ចព្រមព្រៀងនិងពីធីសារប្រមាណជិត៣០ នឹងត្រូវចុះហត្ថលេខាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីរូបនេះគ្រោងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ថ្ងៃទី១៣-១៤ ខែតុលា។ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី០៦ ខែតុលានេះលោក ហ៊ុន សែន ឲ្យដឹងទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា គឺនឹងនាំឲ្យមានការចុះលត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារជាច្រើន។លោកថា៖ “តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ កិច្ចព្រមព្រៀងនិងពិធីសារមិនតិចជាង២៨ នឹងត្រូវចុះហត្ថលេខា។ នេះគឺជាកិច្ចព្រមព្រៀងដែលច្រើនបំផុត បន្ទាប់ពីទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសចិននៅឆ្នាំ២០០៤ [… ]”។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងបន្តថាដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង គឺដើម្បីពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ជំនួយ និងការទាក់ទាញកំណើនភ្លៀវទេសចរចិន។ប្រភពVOD