ត្រឡប់ក្រោយ

លោក កែវ រ៉េមី ថា​អ្នកស្រី រ៉ូណា ស្មីត មិន​បាន​លើក​ករណី​វាយ​ដំ​លោក អំ សំអាត ក្នុង​កិច្ច​ប្រជុំ

 

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។លោក កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត ថា ភាគី​ទាំង​ពីរ​មិន​បាន​លើក​យក​ករណី​វាយ​ដំ​លោក អំ សំអាត មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) មក​ពិភាក្សា​ទេ។ផ្ទុយ​ទៅ​វិញ លោក​បាន​លើក​ឡើង​អំពី​ប្រវត្តិសាស្ត្រ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម និង​គុណ​បំណាច់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រំដោះ​ពលរដ្ឋ​កម្ពុជា ពី​របប​នោះ ហើយ​ជម្រាប​ជូន​អ្នកស្រី រ៉ណា ស្មីត ថា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​ធម្មតា មិន​មាន​បញ្ហា​អ្វី​ទេ៖ «ការ​រស់នៅ​សព្វថ្ងៃ គឺ​ប្រក្រតី។ អ៊ីចឹង​បាន​ជម្រាប​ជូន​គាត់ គាត់​ក៏​បាន​ឯកភាព ហើយ​យើង​ក៏​បាន​លើក​ថា ចំណុច​សំខាន់​បំផុត គឺ​សំណូមពរ​ទៅ​គាត់​វិញ ដោយសារ​អស់​ពេលវេលា សំណូមពរ​គាត់ សុំ​ឲ្យ​គាត់​ផ្ដល់​យុត្តិធម៌​ជូន​កម្ពុជា ដល់​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​ទៅ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស ហើយ​ជាពិសេស​សុំ​ឲ្យ​លោក​យល់​ថា ស្ថិរភាព​នយោបាយ សន្តិភាព គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស»។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា