គណបក្សប្រឆាំងបានទួលទៅព្រះមហាក្សត្រសុំលើកលែងទោសនិងទម្លាក់ការចោទប្រកាន់ទៅលើអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារ ដែលមជ្ឈដ្ឋាននានាចាត់ទុកថាជាអ្នកទោសនយោបាយនោះ។ក្នុងលិខិតមួយកាលពីថ្ងៃទី៨ខែតុលាដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ គណបក្សសង្រ្គោះជាតិ បានទួលព្រះមហាក្សត្រសុំលើកលែងទោសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អគ្គលេខាធិការរង គ.ជ.ប និងសកម្មជននយោបាយ ដែលខ្លះត្រូវបានតុលាការកាត់ទោសរួចហើយនិងខ្លះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។គណបក្សសង្រ្គោះជាតិបានលើកឡើងក្នុងលិខិតនោះដែរថា គណបក្សនេះសំដែងនូវការគាំទ្រពេញទំហឹងដូចអ្វីដែលមានក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ពេលបើកប្រជុំសភាកាលពីថ្ងៃទី៧ខែតុលា។ ជាព្រះរាជសារដែលព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាង និងការពារសមិទ្ធផលសង្គម។ប្រភពVOD