គណបក្សសង្គ្រោះជាតិ ត្រៀមដាក់ពាក្យប្ដឹងទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យលុបឈ្មោះជនអន្តោប្រវេសន៍ជាង២ពាន់នាក់ ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មីនេះ ។ គណបក្សសង្គ្រោះជាតិ អះអាងថា ជនអន្តោប្រវេសន៍ទាំងនេះ មិនមានឯកសារត្រឹមត្រូវ តាមច្បាប់ចុះឈ្មោះបោះឆ្នោតឡើយ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ថា ភ្នាក់ងារគណបក្សលោកបានរកឃើញ មានជនអន្តោប្រវេសន៍ខុសច្បាប់ជាង២០០០នាក់ បានចុះឈ្មោះបោះឆ្នោត ក្នុងរយៈពេលជិតពីរខែនេះ។ លោក យឹម សុវណ្ណ បន្ថែមថា គណបក្សលោក បានឲ្យមេធាវីសរសេរពាក្យបណ្តឹងរួចជាស្រេចហើយ ពាក់ព័ន្ធនឹងជនសង្ស័យ ដែលមិនមានសញ្ជាតិខ្មែរត្រឹមត្រូវទាំងនេះ ដើម្បីប្ដឹងទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យលុបឈ្មោះពួកគេចេញពីបញ្ជីចុះឈ្មោះបោះឆ្នោតវិញ។ បើតាមលោក យឹម សុវណ្ណ គណបក្សលោកនឹងដាក់ពាក្យបណ្ដឹងនេះ នៅពេលដែលគ.ជ.ប បិទបញ្ជីឈ្មោះដំបូង នៅខែមករា ឆ្នាំ២០១៧ខាងមុខ។ប្រភពថ្មីៗ