សកម្មជនដីធ្លីក្នុងតំបន់បឹងកក់រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំឲ្យដោះលែងតំណាងរបស់ពួកគេគឺអ្នកស្រីទេព វន្នី ដែលត្រូវតុលាការឃុំខ្លួនបន្ទាប់ពីដឹកនាំធ្វើយុទ្ធនាការអាវខ្មៅ។សកម្មជនដីធ្លីទាំងនោះប្រមាណ៣០នាក់នៅថ្ងៃព្រហស្សតិ៍ទី៣វិច្ឆិកានេះ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយសុំឲ្យបញ្ឈប់ប្រើប្រព័ន្ធតុលាការមកគៀបសង្កត់អ្នកតវ៉ា និងដោះលែងអ្នកស្រី ទេព វន្នី។អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួន កាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦ ក្រោយមកតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទថាសកម្មជនដីធ្លីរូបនោះបានជេរប្រមាថរាជការសាធារណៈទាក់ទិននឹងសំនុំរឿងចាស់ ដែលអ្នកស្រី ទេព វន្នី ដឹកនាំតវ៉ាប្រឆាំងនឹងការបណ្តេញចេញកាលពីឆ្នាំ២០១៣។ប្រភពVOD