ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញគោលនយោបាយអភិវឌ្ឍន៍តំបន់ព្រំដែនឲ្យមានភាពជឿនលឿនដូចប្រទេសជិតខាង នៅពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។ ការសន្យានេះ បានធ្វើឡើងក្នុងវេទិកាសំណេះសំណាលរវាងថ្នាក់ដឹកនាំកំពូល និងយុវជនគណបក្សមកពីខេត្តកំពត ស្វាយរៀង និងខេត្តព្រៃវែង នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា។ការអភិវឌ្ឍព្រំដែនយឺតយ៉ាវ គឺជាបញ្ហាមួយដែលមនុស្សភាគច្រើនចាត់ទុកថាជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាល ក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាង។ បញ្ហានេះ គណបក្សសង្គ្រោះជាតិ ប្រកាសថា បើមានឱកាសដឹកនាំរដ្ឋាភិបាលនោះ នឹងយកចិត្តទុកដាក់អភិវឌ្ឍព្រំដែនឲ្យជឿនលឿនតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ប្រភពRFA