គណបក្សប្រឆាំងរកឃើញថា ពលរដ្ឋមួយចំនួនដែលមិនបានទៅចុះឈ្មោះបោះឆ្នោត ដោយសារពួកគេបានដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណនៅធនាគារ និងមិនអាចខ្ចីយកមកវិញ ដើម្បីប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។យោងតាមហ្វេសប៊ុក លោកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ពលរដ្ឋមួយចំនួនរស់នៅផ្សារដីហុយ ខណ្ឌសែនសុខ មិនអាចទៅចុះឈ្មោះបោះឆ្នោតបានទេ ដរាបណាពួកគេមិនយកប្លង់ផ្ទះឬប្លង់ដីទៅលោះយកអត្ដសញ្ញាណប័ណ្ណដែលពួកគេបានដាក់បញ្ចាំនៅធនាគារត្រឡប់មកវិញ។អ្នកស្រី ម៉េង សុភារី បានឲ្យវីអូឌីដឹងថា៖ «ពលរដ្ឋដែលគាត់មិនទាន់បានចុះឈ្មោះបោះឆ្នោត ដោយសារតែឯកសាររបស់គាត់ ជាប់បញ្ចាំនៅស្ថាប័នឥណទានផ្សេងៗ ហើយនៅពេលដែលខ្ញុំបានជួបពួកគាត់ គាត់បានជម្រាបថាគាត់អត់អាចទៅចុះឈ្មោះបោះឆ្នោតបានទេ ព្រោះដោយសារឯកសាររបស់គាត់ ជាប់ដាក់បញ្ចាំនៅមីក្រូហិរញ្ញាវត្ថុ»។ប្រភពVOD