ត្រឡប់ក្រោយ

គ.ជ.ប​ថា​នឹង​រក​មធ្យោបាយ​ឲ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨

 

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា គ.ជ.ប នឹង​រក​មធ្យោបាយ​ដើម្បី​ជួយ​សម្រួល​ឲ្យ​ពលករ​ចំណាក​ស្រុក អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ។ ការ​អះអាង​នេះ ក្រោយ​ពី គ.ជ.ប ប្រកាស​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ស្ថាពរ ហើយ​នៅ​មាន​ពលរដ្ឋ​ជាង ១​លាន​នាក់ ភាគច្រើន​គឺ​ពលករ​ចំណាក​ស្រុក ពុំ​បាន​មក​ចុះ​ឈ្មោះ។នៅ​ថ្ងៃ​ទី​២ ធ្នូ គឺ​ជា​ពេលវេលា​បិទ​បញ្ចប់​ដំណើរ​ការ​ទាំងស្រុង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១៧ ស្រប​ពេល​មន្ត្រី​នាំ​ពាក្យ គ.ជ.ប អះអាង​ថា ខ្លួន​ពុំ​មាន​លទ្ធភាព​ដើម្បី​ពន្យារ​ពេល​បន្ថែម​ក្នុង​ការ​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ និង​ជន​ចំណាក​ស្រុក បាន​មក​ចុះ​ឈ្មោះ​ទៀត​ទេ។មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ីសេរី ថា គ.ជ.ប នឹង​ពិភាក្សា​ជាមួយ​គណបក្ស​មាន​សំឡេង​ក្នុង​រដ្ឋសភា​ទាំង​ពីរ ដើម្បី​ស្វែងរក​មធ្យោបាយ​សម្រួល​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ រួម​ទាំង​ពលករ​ចំណាក​ស្រុក​ស្រប​ច្បាប់​ជាង ១​លាន ១​សែន​នាក់ និង​ពលករ​មិន​ស្រប​ច្បាប់​រាប់​សែន​នាក់​ផ្សេង​ទៀត អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ពួក​គេ​បាន​អាក់ខាន​មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ជ្រើស​តាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា