ក្រៅតែពីបង្កើនថវិកាទៅក្នុងវិស័យយោធា និងវិស័យមួយចំនួនទៀតសម្រាប់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើនចំនួនថវិកាបម្រុងទុកចំនួនជាង ៨៥០លានដុល្លារសម្រាប់ត្រៀមចំណាយនៅពេលចាំបាច់ ប៉ុន្តែមិនមានមុខសញ្ញាច្បាស់លាស់។សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងបារម្ភថា កញ្ចប់ថវិកាត្រៀមសម្រាប់គ្រាអាសន្ននេះ អាចធ្លាក់ទៅក្នុងអំពើពុករលួយ ឬត្រូវគណបក្សកាន់អំណាចដកយកទៅប្រើប្រាស់សម្រាប់យុទ្ធនាការបោះឆ្នោតសម្រាប់បក្សខ្លួន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច ច្រានចោលការចោទប្រកាន់នេះ។ឆ្លើយតបទៅនឹងការចោទប្រកាន់របស់មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល ដែលថាគណបក្សកាន់អំណាចប្រើប្រាស់ធនធាន ឬថវិកាបម្រុងរបស់រដ្ឋសម្រាប់ការឃោសនានយោបាយនោះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា នោះជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ប្រភព៖RFA