ភ្នំពេញៈ នៅថ្ងៃនេះសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជម្រះលើលោក សម រង្ស៊ី និងក្រុមការងារហ្វេសប៊ុករបស់លោក ២ នាក់ទៀតពីបទសមគំនិតក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមប៉ុន្តែកាលពីម្សិលមិញលោក សម រង្ស៊ី បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធនឹងការបង្ហោះឯកសារទាំងនោះទេ និងបានចាត់ទុកសំណុំរឿងនេះថាជារឿងនយោបាយ។លោក សម រង្ស៊ី និងជំនួយការលោក ២ នាក់ទៀតគឺលោក អ៊ឹង ជុងលាង និងលោក សម្បត្តិ សត្យា កំពុងនិរទេសខ្លួននៅក្រៅប្រទេស។ អ្នកទាំងបីត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៥ ដោយសមាជិកព្រឹទ្ធសភាគណបក្ស សមរង្ស៊ី លោក ហុង សុខហួរ។ក្នុងសំណុំរឿងនេះកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំពីបទក្លែងបន្លំឯកសារសាធារណៈបទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ប្រភព៖ភ្នំពេញប៉ុស្តិ៍