សកម្មជនដីធ្លីមកពីសហគមន៍មានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគេនឹងបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបន្តទៀត នៅព្រឹកថ្ងៃស្អែកនេះ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស មន្ត្រីរៀបចំការបោះឆ្នោត និងតំណាងរបស់ពួកគេ ដែលកំពុងជាប់ឃុំ។តំណាងពលរដ្ឋសហគន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា បានប្រាប់វីអូឌីថា សហគមន៍របស់អ្នកស្រី នឹងបញ្ឈប់យុទ្ធនាការនេះ ប្រសិនបើតុលាការសម្រេចដោះលែងតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មន្ត្រីការពារសិទ្ធិ ៤រូបរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប. លោក នី ចរិយា។
អ្នកស្រីបញ្ជាក់ថា៖ “ក្នុងសប្តាហ៍ហ្នឹង គឺពួកខ្ញុំបត់អាវខ្មៅទុក បានន័យថា ពួកខ្ញុំចង់បំបាត់យុទ្ធនាការអាវខ្មៅ នៅក្នុងសប្តាហ៍ហ្នឹងតែម្តង បើសិនជាមានការដោះលែងពួកគាត់ទាំង ៦នាក់ នៅក្នុងរយៈពេលមួយសប្តាហ៍ហ្នឹង”។ប្រភព៖VOD