មណ្ឌលគិរីៈ ក្រុមហ៊ុនចិនមួយទទួលបានអាជ្ញាប័ណ្ណរុករករ៉ែបុកស៊ីតលើផ្ទៃដីជាង ២ ម៉ឺនហិកតានៅក្នុងខេត្តមណ្ឌលគិរីធ្វើឲ្យប្រជាពលរដ្ឋប្រមាណ ៩០% ក្នុងតំបន់នោះមានការបារម្ភយ៉ាងខ្លាំងថាគម្រោងដែលមានទឹកប្រាក់ជាង ២០០ លានដុល្លារនេះនឹងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ពួកគាត់ និងទំនៀមទម្លាប់ហើយនិងបំផ្លាញព្រៃស្រោងមានតម្លៃជាង ២ លានដុល្លារផងដែរ។ក្រុមហ៊ុនចិនឈ្មោះ Alex Corporation មានគម្រោងធ្វើអាជីវកម្មរុករករ៉ែបុកស៊ីតលើផ្ទៃដីចំនួន ២៦ ២៧០ ហិកតាស្ថិតក្នុងភូមិចំនួន ១១ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យក្នុងរយៈពេល ៣៣ ឆ្នាំហើយគម្រោងនេះនឹងចាប់ផ្តើមធ្វើសកម្មភាពនៅឆ្នាំ ២០១៧ ។ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណរុករករ៉ែពីក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នោះសង្ឃឹមនឹងទាញយកធនធានរ៉ែសរុប ២០០,៨៨ លានតោន (១៤ លានតោនក្នុងមួយឆ្នាំ) និងប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១ ០០៣ នាក់។ ក្នុងនោះមាន ២៨១ នាក់ជាជនបរទេស។ប្រភព៖ភ្នំពេញប៉ុស្ដិ៍