មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបន្តរិះគន់ចំៗទៅលើលោកនាយករដ្ឋមន្ត្រីថា បានបន្តប្រើប្រាស់តុលាការធ្វើជាឧបករណ៍នយោបាយ ខណៈដែលតុលាការបានបន្តកាត់ទោសលោកមួយករណីទៀតទាក់ទិនបញ្ហាព្រំដែន។ព្រឹកថ្ងៃទី២៧ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមឲ្យលោក សម រង្ស៊ី និងជំនួយការរបស់លោកពីរនាក់ទៀត ជាប់ទោស៥ឆ្នាំ ចោទពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែរថា៖ «ប្រទេសកម្ពុជា ជាប្រទេសមួយខុសគេក្នុងពិភពលោក ដែលអ្នកស្លូតត្រង់ ត្រូវគេផ្តន្ទាទោស តែជនឧក្រិដ្ឋមានសេរីភាព ធ្វើអំពើអាក្រក់បានតាមចិត្ត ប្រកបដោយនិទណ្ឌភាព»។ប្រភព៖VOD