ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងចូលទៅបំភ្លឺពីបញ្ហាមួយចំនួន នៅវិមានរដ្ឋសភា តាមសំណើរបស់តំណាងរាស្ត្របក្សប្រឆាំង។ ការសាកសួរនេះ នឹងប្រព្រឹត្តទៅនៅម៉ោង៩ព្រឹក នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧។គណៈកម្មការជំនាញទី៣ នៃរដ្ឋសភា ដែលមានលោក ប៉ុល ហំម តំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ ជាប្រធាននោះ បានកោះហៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឲ្យចូលទៅបំភ្លឺក្នុងវិមានរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ដូចជាដីសម្បទាន និងសម្រាម រួមទាំងបញ្ហាផ្សេងៗទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីរូបនេះ។ នេះបើតាមលោក ប៉ុល ហំម ដែលបានប្រាប់សារព័ត៌មានថ្មីៗ។ លោក ប៉ុល ហំម បានអះអាងថា លោក នឹងដឹកនាំតំណាងរាស្ត្រមួយចំនួន ដែលជាសមាជិកនៃគណៈកម្មការជំនាញទី៣ ទៅចូលរួមប្រជុំនៅវិមានរដ្ឋសភា នៅថ្ងៃស្អែកនេះ។ លោក បញ្ជាក់យ៉ាងខ្លីថា៖«ខ្ញុំ និងតំណាងរាស្ត្របី-បួននាក់ទៀត នឹងទៅ (រដ្ឋសភា)»។ ប្រភព៖ថ្មីៗ