ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ស្នើឲ្យអភិបាលខេត្តជួយថែរក្សាផ្ទៃបឹងធម្មជាតិទឹកសាប មានទីតាំងនៅទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ឲ្យបានគង់វង្ស ព្រោះពេលនេះកំពុងប្រឈមការបាត់បង់ ហើយត្រូវគេដឹកដីចាក់លុបបឹង និងបោះតម្រុយកំណត់ក្បាលដីធ្វើកម្មសិទ្ធិឯកជនស្ទើរទាំងស្រុង។មន្ត្រីសង្គមស៊ីវិល ឲ្យដឹងថា បច្ចុប្បន្នផ្ទៃរងទឹកភ្លៀង ឬផ្ទៃបឹងទឹកសាបដែលមិនធ្លាប់រីងស្ងួតនៅគ្រប់រដូវកាលនាមូលដ្ឋាននេះ ត្រូវគេបូមទឹកចេញដើម្បីចាប់ត្រី និងចាក់ដីលុបចូលក្នុងផ្ទៃបឹងជាបណ្ដើរៗរួចហើយ។សាធារណជន ពិសេសប្រជាពលរដ្ឋមានលំនៅឋានក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បង្ហាញកង្វល់ខ្លាចបាត់បង់បឹងធម្មជាតិទឹកសាប មានទីតាំងនៅជាប់ផ្លូវជាតិលេខ៤ ទល់មុខក្រុមហ៊ុនស្រាបៀអង្គរ ដែលត្រូវគេបូមទឹកចេញពីផ្ទៃបឹងរីងទឹកស្ទើរទាំងស្រុង កាលពីដើមខែមករា ឆ្នាំ២០១៧ មក។
......................
ប្រភព៖RFA