..........................
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ នេះថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ ប្រទេសកម្ពុជា បានជំពាក់បំណុលសហរដ្ឋអាមេរិក ទាំងដើមទាំងចុងសរុបចំនួន ៥០៥លានដុល្លារអាមេរិក។ មន្ត្រីដដែលបញ្ជាក់ថា ជំហររបស់រដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងការតម្រូវឲ្យកម្ពុជា ទូទាត់សងបំណុលដែលខ្លួនជំពាក់នេះ គឺមិនមានអ្វីប្រែប្រួលឡើយ។ខុសពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំពឹងទុកថា រដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងពិចារណាលុបចោលបំណុលដែលកម្ពុជា ជំពាក់អាមេរិក តាំងពីសម័យសង្គ្រាមនោះ នៅថ្ងៃនេះ មន្ត្រីនាំពាក្យការិយាល័យអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី អាណា រីជ្ជីយ៍ អេឡែន (Anna Richey-Allen) បានបញ្ជាក់ថា រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពុំមានអំណាចផ្លូវច្បាប់លុបចោលបំណុលកម្ពុជា ជំពាក់នោះទេ។
..........................
ប្រភព៖RFA