(ភ្នំពេញេ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យគ្រប់រាជធានី-ខេត្ត រិះរកគ្រប់វិធីខិតខំជម្រុញយន្តការប្រមូលកែច្នៃសំរាម រាប់ទាំងសំរាមជាថង់ប្លាស្ទិក ទាំងអនាម័យសណ្តាប់ធ្នាប់សាធារណៈឲ្យបានជាក់លាក់ និងមានប្រសិទ្ធភាពដោយកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃ ការប្រកាសជ័យលាភីទីក្រុងស្អាត លើកទី២ និងជាការប្រកាសលទ្ធផល នៃការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី១។លោក ហ៊ុន សែន និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានថ្លែងបញ្ជាក់ នៅក្នុងសារលិខិតអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ទិវាជាតិទីក្រុងស្អាតនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ ក្នុងថ្ងៃដដែលនោះក៏មានប្រារព្ធពិធីប្រគល់ជ័យលាភី «រង្វាន់សម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២» អមជាមួយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង-ខណ្ឌបេកភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី១។
..................
ប្រភព៖Fresh news