- - - - - - - - - - - - - -
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងកាលពីម្សិលមិញថា រដ្ឋាភិបាលប្រហែលជាមិនទទួលស្គាល់គណបក្សប្រឆាំងទេនៅក្នុងការបោះឆ្នោតក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើរកឃើញថា ការផ្ទេរតំណែងប្រធានបក្សទៅលោក កឹម សុខា បំពានបទបញ្ជាផ្ទៃក្នុងផ្ទាល់ខ្លួនរបស់គណបក្សសង្គ្រោះជាតិ។ ស្របពេលជាមួយគ្នានេះ លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា គណបក្សរបស់លោកនឹងមិនចាញ់ប្រៀបសត្រូវដែលខ្លួនស្គាល់ច្បាស់ឡើយ។ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្មីមួយខ្សែនៅខេត្តកំពង់ស្ពឺ លោក ស ខេង មានប្រសាសន៍ថា លោកកំពុងពិនិត្យមើលឯកសារដែលគណបក្សសង្គ្រោះជាតិបានដាក់ជូនដើម្បីស្នើសុំឱ្យរដ្ឋាភិបាលទទួលស្គាល់សុពលភាពសមាជបក្សរបស់ខ្លួនធ្វើឡើងកាលពីដើមខែនេះ ដែលក្នុងនោះលោក កឹម សុខា ត្រូវបានតែងតាំងជាប្រធានគណបក្សក្រោយពីលោក សម រង្ស៊ី លាលែងពីតំណែង។
- - - - - - - - - - - - - -
ប្រភព៖ខេមបូឌា ដេលី