- - - - - - - - - - - - - - - - -
គ.ជ.ប មិនអាចដកបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ដែលឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ នោះទេ ដរាបណាបក្សប្រឆាំងដ៏ធំមួយនេះ មិនទាន់ត្រូវបានរំលាយចោល។ ការដែលក្រសួងមហាផ្ទៃ មិនផ្តល់សុភាពដល់សមាជវិសាមញ្ញ ឬមិនទទួលស្គាល់ថ្នាក់ដឹកនាំថ្មីនៃគណបក្សសង្គ្រោះជាតិ គឺមិនពាក់ព័ន្ធនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឡើយ។
ជំនួបមួយរវាងគណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃ នឹងកើតមានឡើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។ ជំនួបនេះ ដើម្បីផ្តល់ឱកាសឲ្យគណបក្សសង្គ្រោះជាតិ បកស្រាយពីសមាជវិសាមញ្ញរបស់ខ្លួន ដែលត្រូវបានក្រសួងមហាផ្ទៃ អះអាងថា ធ្វើឡើងដោយប្រាសចាកពីលក្ខន្តិកៈរបស់គណបក្ស។ ជុំវិញបញ្ហាខាងលើ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង ថា បើទោះលទ្ធផលនៃកិច្ចប្រជុំរវាងគណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃនៅថ្ងៃពុធ ចេញមក ដោយក្រសួងសម្រេច មិនទទួលស្គាល់សមាជវិសាមញ្ញនោះក្តី ក៏មិនប៉ះពាល់ទៅដល់បញ្ជីបេក្ខជន ដែលឈរឈ្មោះបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ដែរ។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ត្រង់ចំណុចនេះថា គ.ជ.ប នៅតែរក្សាបញ្ជីបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ឲ្យនៅដដែល។
- - - - - - - - - - - - - - - - -
ប្រភព៖សារព័ត៌មានថ្មីៗ